Thursday, December 29, 2016

ប្រធាន៖ តាមទស្សនៈទំនួលខុសត្រូវមួយបានចែងថា “ការលះបង់​វិចារណៈ ​គឺ​ជា​ការ​បង្កើត​ វិប្បដិសារី ”។ ​ ចូរបកស្រាយដោយ​លើក​ឧទាហរណ៍​ក្នុង​សង្គម​រឿង​ថៅ​កែ​ចិត្ត​ចោរ រឿងផ្កាស្រពោន និងរឿងទុំទាវ មកបញ្ជាក់ផង។​




ដោយផ្អែកទៅតាមទស្សនៈវិទូមួយរូប បាននិយាយថាការកើតមកជាមនុស្សមិន ពិបាក​ជាង​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​​ជាមនុស្សឡើយ ព្រោះថាការធ្វើខ្លួនឲ្យក្លាយជាមនុស្ស ចាំបាច់ ប្រកាន់ខ្ជាប់នួវវិចារណៈ ដើម្បី​ជា​ការ​ឆ្លុះ​បញ្ចាំង​ពីអំពើរបស់ខ្លួនឲ្យស្ថិតក្នុងផ្លូវ សីលធម៌ ជា​និច្ចចៀស​វាង​ភាព​សោក​ស្តាយ​នៃ​ទង្វើ​នោះ​នា​ពេល​អនាគត។ ដោយបានមើលឃើញ ពីតម្លៃនៃមនុស្សបែបនេះ ហើយ​ទើបតាមទស្សនៈទំនួល​ខុស​ត្រូវ​មួយ​បាន​ពោលថា “ការលះបង់វិចារណៈ គឺជាការបង្កើតវិប្បដិសារី” តើទស្សនៈខាងលើនេះ មានអត្ថន័យ យ៉ាងណាខ្លះ?


ដើម្បីជាជំនួយនូវការស្រាយបំភ្លឺទស្សនៈ របស់ប្រធានខាងលើ យើងគួរស្វែង យល់ន័យនៃពាក្យ “វិចារណៈ” និង “វិប្បដិសារី” ជាមុនសិន។ វិចារណៈ គឹជា ការ​ត្រិៈរិៈ​ពិចារណា​រក​ហេតុផល​ត្រឹម​ត្រូវ​ច្បាស់​លាស់។ រីឯពាក្យ​ វិប្បដិសារី គឺ សំដៅ លើការនឹកស្តាយក្រោយព្រោះដឹងខ្លួនថាបានធ្វើខុស។​ ដូច​នេះ​តាមអត្ថន័យរបស់ប្រធាន ខាងលើចង់និយាយថា ការ​បោះ​បង់​ចោល​នូវគំនិត​គិត​ពិចារណា​ឲ្យបានម៉ត់ចត់គឺជាការនាំមកនូវសេចក្តីសោកស្តាយចំពោះអំពើរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមក។
 
វាជាការពិតណាស់បើនិយាយពីមនុស្ស ចាំបាច់និយាយដល់វិចារណៈព្រោះវាជា កត្តា កំណត់​នូវ​ព្រំ​ដែន​នៃការប្រព្រឹត្តនូវអំពើណាមួយរបស់បុគ្គលនោះ ឲ្យចេះទទួលខុស ត្រូវលើអំពើរបស់ខ្លូន។ ម្យ៉ាង​វិញ​ទៀត​ការប្រកាន់យកវិចារណៈគឺជា ការផ្តល់ឱកាសឲ្យខ្លួន ឯងរក្សានូវតម្លៃគុណធម៌ដោយមិនក្បត់ខ្លួន​ឯង​រឺអ្នកដទៃ។ ជាក់ស្តែងនៅក្នុងសង្គមគេ ឃើញបុគ្គលខ្លះដែលពុំបានយកវិចារណៈមកដាក់ក្នុងខ្លួន នៅ​ទី​បំផុតក៏កើតមាននូវ សេចក្តី សោកស្តាយចំពោះអំពើដែលខ្លួនបានធ្វើ។​ដូចជាជនរកស៊ីខុសច្បាប់ ចោរ​លួច ប្លន់ ជនចាប់ជំរិត អ្នកស៊ីឈ្នួលសម្លាប់មនុស្សជាដើម។ នៅពេលក្រសួងមានសមត្ថកិច្ច ចាប់ បាន​រមែងទទួលនូវទោសទណ្ឌកម្មចំពោះអំពើរបស់ខ្លួនដែលបានប្រព្រឹត្ត។​ បើយើង ក្រលេក​មក​មើល​ស្នាដៃ​អក្សរសិល្ប៍ ថៅកែចិត្តចោរវិញនោះ ពិតជាឃើញយ៉ាងច្បាស់ពី ការ ប្រព្រឹត្តរបស់តួអង្គហំ។ ដើម្បី​ប្រាក់​គាត់​ពុំបានគិតដល់មនោសញ្ចេតនាមនុស្ស ជាតិឡើយ។ គាត់​បាន​បណ្តោយ​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​ឈ្នាន់​របស់​ថៅកែដោយខ្វះការពិចារ ណា ឲ្យ បានល្អិតល្អន់។​ ដូចជាគាត់ព្រមបើក​ឡាន​បុក​ឡាន​ថៅ​កែ​ហុង​លីដើម្បីប្រាក់ មួយម៉ឺនរៀលពីថៅកែដោយបណ្តាលឲ្យមានមនុស្សស្លាប់បីនាក់ និង របួសមួយចំនួន ផ្សេង​ទៀត។ ទីបំផុតគាត់ដឹងថាថៅកែកុហកគាត់ ជាហេតុធ្វើឲ្យគាត់មានការសោកស្តាយ យ៉ាងខ្លាំង ហើយ​បាន​លាតត្រដាងអំពើអាក្រក់របស់ថៅកែចំពោះមុខប្រពន្ធគាត់ និង កម្មករទាំងអស់ទៀតផង។ ​ចំនែក​ឯ​រឿង​ផ្កាស្រពោនវិញយាយ​នួនដែលជាម្តាយនាងវិធាវី ពុំបានឈរលើវិចារណៈ ដោយ​ធ្វើការ​បដិសេធ​ការ​ភ្ជាប់​ពាក្យរវាងវិធាវីនិងប៊ុនធឿន ដោយលើកនាងទៅឲ្យណៃស៊ត​ ដែលជាអ្នកមានទ្រព្យ​ច្រើន​ទៅវិញ។ បញ្ហានេះហើយធ្វើឲ្យ នាងវិធាវីមានការពិបាកចិត្តរហូតធ្លាក់ខ្លួនឈឺ ហើយ​ទីបំផុត​ត្រូវ​បាត់​បង់ជីវិត។​ មរ​ណភាព​របស់វិធាវីបានធ្វើឲ្យយាយនួនមានវិប្បដិសារីយ៉ាងខ្លាំង ចំពោះការសំរេចចិត្ត​ដោយខ្វះ​ការ​ពិចារ​ណា។ ដូចគ្នានេះដែរម្តាយទាវក្នុងរឿងទំទាវមិនខុសពីម្តាយវិធាវី ទេគាត់ពុំមានស្មារតី​ទទួលខុស​ត្រូវ​ជុំ​វិញ ការសម្រចចិត្តលើកនាងទាវឲ្យរៀបការជាមួយ ម៉ឺនងួនឡើយគាត់មិនត្រឹមតែបំបែក​ទាវពីទុំជាប្តី​នោះ​ទេ ថែមទាំងបញ្ជាឲ្យអរជូនយកទុំទៅ សម្លាប់ចោល​ទៀត។ ក្នុង​ស្ថាន​ភាព​បែប​នេះ​ហើយ​​ធ្វើ​ឲ្យគាត់​មាន​ការ​សោក​ស្តាយ ក្រោយ ពីកូនស្រីសម្រេចចិត្តសម្លាប់ខ្លួនតាមទុំ។ 

សរុបសេចក្តីមកយើងឃើញថាការប្រព្រឹត្តរឿងអ្វីមួយ ដែលខ្វះការពិចារណា ឲ្យ​បាន​ត្រឹម​ត្រូវ​គឺ​ពិត​ជា​ហេតុដែលបង្កឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយប្រាកដមែន។


ឆ្លងតាមការបកស្រាយខាងលើនេះបង្ហាញឲ្យឃើញថាទស្សនៈ របស់ប្រធាន ពោល ពេញ​ដោយ​គោល​គំនិតអបរំមនុស្សឲ្យចេះប្រកាន់យកនូវសុភវិនិច្ឆ័យ មុននឹង ធ្វើអ្វី មួយ​ដើម្បី​កុំ​ឲ្យ​មាន​ការ​សោក​ស្តាយ​ទៅ​ថ្ងៃអនាគតនូវលទ្ធផលនៃអំពើរបស់ខ្លួន។ ដូចនេះ ក្នុងនាមយើងជាអនុជន ត្រូវ​ចេះ​ប្រកាន់​ខ្ជាប់​នូវ​វិចារ​ណៈ​នោះទើបខ្លួនយើងក្លាយទៅជា ឧត្តមជនពិតប្រាកដហើយរាល់អំពើដែលខ្លួនបានធ្វើ នឹង​ទទួល​បាន​ផលល្អគួរជាទីពេញ ចិត្តដែលធ្វើឲ្យយើងពុំមានការស្តាយក្រោយឡើយ។​ 


No comments :

Post a Comment