Thursday, December 29, 2016

ប្រធាន៖ តាមរយៈស្នាដៃរឿងថៅកែចិត្តចោរហេតុអ្វីផានីត ពោលថា “ក្បួន ​ដែល​ បង្រៀន ​ខ្ញុំនៅសាលាទាំងប៉ុន្មានយកមកប្រើក្នុងជីវិតនេះមិនត្រូវ​​សោះ”​។ ចូរ​បក​ស្រាយ។


វណ្ណកម្មអក្សរសិល្ប៍ទំនើបបែបល្ខោននិយាយ រឿងថៅកែចិត្តចោរ ដែលនិពន្ធដោយ សហនិពន្ធពីររូប​ គឺលោកអ៊ុំឈឺន និង លោកពៅយូរឡេង បានលាតត្រដាងបញ្ហា នៅ​ក្នុង​សង្គម​ខ្មែរ​ដែល​ពោរ​ពេញ​ទៅ​ដោយ អំពើ​ពុករលួយ ស៊ីសំណូកសូកប៉ាន់ កេងប្រវញ្ច័ជញ្ជក់ឈាម ពី​អ្នក​មាន​អំណាច​ឃុប​ឃិត​ជា​មួយ​អ្នក​នាយទុន ទៅលើ​អ្នកក្រ អ្នកទន់ខ្សោយ។ដោយមើលឃើញពីបញ្ហាអសកម្មទាំងនេះហើយ ទើប​ផា​នីត​ជាតួអង្គ ដែលតំណាងអោយបញ្ញាវន័្តខ្មែរមួយរូបបញ្ចេញទស្សនៈក្នុងន័យរិៈគន់ថា “ក្បួនដែល បង្រៀន ខ្ញុំ​នៅ​សាលាទាំងប៉ុន្មានយកមកប្រើក្នុងជីវិតនេះមិនត្រូវសោះ” ។ តើទស្សនៈខាងលើមាន ន័យយ៉ាងណា? ហេតុអ្វីបានជាផានីតពោលដូចនេះ?


ដើម្បីជាជំនួយការដល់ការស្រាយបំភ្លឺទស្សនៈខាងលើអោយបានក្បោះក្បាយ យើង ត្រូវ​យល់​ន័យ​របស់​ប្រធាន​ជាមុនសិន។ ប្រធានខាងលើនេះ ចង់និយាយថា ចំណេះដឹង ដែល​ផានីត​ខំ​ប្រឹង​រៀន​នៅ​សា​លា​រហូតថ្នាក់វិទ្យាល័យនោះ យកមកប្រើក្នុងសង្គម​ពុំត្រូវ គ្នាទេ​ព្រោះ នៅ​ក្នុង​សា​លា​គេ​បង្រៀន​អោយ​មនុស្ស​មាន​ឧត្តមគតិស្នេហាជាតិ តំកល់ ប្រយោជន៍ជាតិជាធំ ។ល។ប៉ុន្តែផ្ទុយទៅវិញសំរាប់តថភាពសង្គមនៅសម័យនោះវិញក្បួននេះមិនត្រូវទេព្រោះសង្គមពោរពេញទៅដោយអំពើអសីលធម៌ អំពើ​អវិជ្ជមាន រាប់មិនអស់។ 

តួអង្គនៅក្នុងរឿងជាអ្នកនាំពាក្យរបស់អ្នកនិពន្ធ ក៏ជាអ្នកតំណាងឧត្តមគតិ របស់ អ្នកនិពន្ធដែរ។ ផានីត​ធ្លាប់បានរៀននៅក្នុងសាលាហើយទើបនឹងចូលធ្វើការ នៅក្នុងហាង ថៅកែ។ ផានីត​បាន​ទទួល​ការ​អប់រំ និង ចំណេះដឹងពីសាលារៀនជាច្រើន។ ​សាលារៀនជា ថ្នាលបណ្តុះបណ្តាលចំណេះដឹង និង ជា​មជ្ឈ​មណ្ឌលមនសិការរបស់យុវជន ដើម្បីយក ទៅ អនុវត្តក្នុងជីវភាពរស់នៅ។ សាលារៀន និង សង្គម​តែង​មាន​ទំនាក់ទំនងគ្នាស្អិតរមួត។​​ការសិក្សាក្នុងសាលារៀន ជា​ទុន​យ៉ាង​សំខាន់​សម្រាប់​អនុវត្ត​ក្នុង​ការ​រស់​នៅ ដើម្បី​លើក កំពស់អោយបានល្អប្រសើរ។ វិជ្ជាជាទ្រព្យដ៏ប្រសើរបស់មនុស្ស។ ផានីតជាមនុស្ស​ល្អ​ម្នាក់ ដែល​ខិត​ខំរៀនសូត្រនៅសាលាយ៉ាងខ្ជាប់ខ្ជួន និង ជាមនុស្សមានឧត្តមគតិប្រពៃ។ ប៉ុន្តែ​គួរ​អោយ​ស្តាយ​ ក្បួន​ទាំង​ឡាយដែលផានីតបានរៀនមក ផានីតប្រើប្រាស់មិនត្រូវសោះ ការងារ​ដែល​ផានីត​បាន​ជួប​មាន​បញ្ហា​ស្មុគ​ស្មាញជាក់ស្តែងជាច្រើន។ ចំណេះដឹងដែល ផានីតបានទទួលពីសាលារៀន​គ្រាន់តែ​ជា​ក្បួន ជា​មេ​រៀន​ជាឧត្តមគតិ ជាទ្រឹស្តីនៃជីវិតនៃ ក្រឹត្យ​ក្រមផ្សេងៗ។ សាលារៀន​តែងអប់រំ​យុវជន​អោយក្លាយជាពលរដ្ឋល្អ មាន​មនុស្សធម៌ ស្រលាញ់យុត្តិធម៌សិទ្ធិសេរីភាព។​ ក្បួនទាំងអស់នេះ បានដក់​ជាប់ក្នុងខួរក្បាលផានីត។ ប៉ុន្តែ​មនសិការរបស់ផានីត ពេលនេះបានចួលប្រឡូកជាមួយបញ្ហា​ស្មុគស្មាញ​ក្នុង សង្គម រស់​នៅ​ដ៏​ធំ​ទូលាយ ដែលចំរុះទៅដោយបញ្ហាទំនាស់យ៉ាងច្រើនគ្រប់បែបយ៉ាង។ ផានីត ពេល​នេះ​ធ្វើការ និង រស់​នៅ​ក្នុង​មជ្ឈ​ដ្ឋានដែលពុំទាន់ជួបប្រទះជាក់ស្តែង គឺក្នុង​មជ្ឈដ្ឋាន​នៃ​ការ​កេង​ប្រវញ្ច័​ អមនុស្សធម៌ អយុត្តិធម៌ ផ្តាច់​ការ រំលោភសិទ្ធិ ក្រោមដំបូលថៅកែទុច្ចរិត។ ក្រោយពីបានដឹងរឿង​ថៅកែ និង ពូហំ ផា​នីត​មើល​ឃើញ ពីបាតុភាពក្នុងសង្គម “មនុស្សយើងរស់នៅសព្វថ្ងៃប្រយុទ្ធគ្នា​ក្នុង​អយុត្តិធម៌ លួចល្បិចគ្នា ទៅ​វិញ​ទៅ​មកដើម្បីម្នាក់ៗ បានស្រួលល្អពិរោះតែសំដីក្រៅ... តែក្នុងជីវិត​ក្នុងសង្គម រឿងល្អទាំងអស់ដែលបាន​រៀនក្នុងសាលាមកហើយ យកមកប្រើស្ទើរមិនកើតក្នុងជីវិត”។ ផានីត​មើល​ឃើញ​ថា​សង្គម​ពោរ​ពេញ​ទៅ​ដោយ​អំពើអយុត្តិធម៌ អមនុស្សធម៌ សង្រ្គាមរវាងមនុស្ស​និង​មនុស្ស រហូតដល់សង្រ្គាម រវាង​ចក្រ​ពត្តិ​ទៀត​ផង។​ រស់សព្វថ្ងៃ រស់សម្រាប់តែគិតធ្វើម្តេចកើនលុយ​អោយ​យើង។ នេះជាគតិពុំល្អជាទេ គិតតែពីល្បិចកល អយុត្តិធម៌ លេងស្នៀតអាក្រក់គ្រប់បែបយ៉ាង តាំងពី​ស៊ី​សំណូក សូកប៉ាន់ វិធីកៀង មនុស្ស​អោយចូល​ដៃ​ជា​មួយ​ខ្លួនរហូតដល់គ្រោង​ការសម្លាប់​មនុស្ស... ដើម្បី​អោយ​បាន លុយច្រើន ជាងគេ។ កា​រមើល​ឃើញ​ពីភាព​ខុសគ្នា​រវាងទ្រឹស្តីក្នុងសាលារៀន​​ និង ជីវភាព​ជាក់​ស្តែង​ ដូចនេះ​ទើបផានីត​យល់ថាក្បួន​ដែល​បាន​រៀន​នៅ​សាលា យកមកអនុវត្ត​ក្នុង​ជីវិត​មិន​ត្រូវ សោះ។ ប៉ុន្តែ​ជាមួយគ្នានេះដែរផានីតបានរិះគន់ និង បក​អាក្រាត​យ៉ាងចំហពីអំពើ អយុត្តិធម៌ កេងប្រវញ្ច័ អមនុស្សធម៌ ក្នុងសង្គម។ ផានីតក៏បំផុសកម្មករអោយពួតដៃ​គ្នា ប្រឆាំង​នឹងថៅកែចិត្តចោរ កុំអោយធ្វើជាមនុស្ស​សំបក​ ជាអាយ៉ងដែលធ្វើតាមតែគេញាក់។​ តែទោះជាផានីត ហំ និង កម្មករទាំងបួន “សុខ មាន គង់ ទ្រី” ពួតដៃគ្នាយ៉ាងណា ក៏ចុងក្រោយ ពូហំ​ នៅ​តែ​ត្រូវ​នគរបាល​ដែល​តំណាង​អោយមន្រ្តី​ពុករលួយ​ស៊ី​​សំណូក​ចាប់ ហំ យកទៅដាក់គុកដដែល។

សរុបមកមូលហេតុខាងលើនេះហើយ​ដែលធ្វើអោយ ផានីត យល់ថាក្បួនក្នុងសាលា និង​ក្នុង​ជីវិត​មិន​ស្រប​គ្នា។​ យកមកប្រើក្នុងជីវិតមិនត្រូវសោះ។

ពំនោលរបស់ផានីតក្នុងប្រធានខាងលើបានអ្វីអោយយើងភ្មាក់រលឹក​ នឹកឃើញយល់ ច្បាស់​ពី​បញ្ហា​ដែល​មានចោទឡើង ក្នុងសង្គមខ្មែរដែលទើបនឹងរួចពីការជិះជាន់របស់ ពួកអាណានិគម។ យើង​ជា​យុវ​ជន​ជំនាន់​ក្រោយត្រូវប្រុងប្រយត្ន័ភ្ញាក់រលឹកក្លាហាន និង បណ្តុះទឹកចិត្តស្នេហាជាតិ ស្រលាញ់យុត្តិធម៌ មនុស្ស​ធម៌ ដើម្បីកសាងសង្គមកម្ពុជា អោយឈានទៅរកវឌ្ឃភាពគ្រប់វិស័យ។ 

No comments :

Post a Comment