Thursday, December 29, 2016

គេនិយាយថា “សម្បតិ្តវប្បធម៌ខ្មែរ​ ពុំគ្រាន់តែជា បេ​តិ​ក​ភណ្ឌ​ របស់​ខ្មែរ​ប៉ុណ្ណោះ​ទេ​តែក៏ជាបេតិកភណ្ឌរបស់ ពិភព​​​លោក ​ទាំង​មូល​ទៀត​ផង”។ ចូរ​ពន្យល់​អោយ​បាន​ក្បោះក្បាយ។



ជាតិខ្មែរមានកេរ្តិ៍ឈ្មោះល្បីរន្ទឺលើសកលលោក ត្រង់ខ្មែរមានសម្បតិ្តវប្បធម៌ច្រើនសំបូរ បែប​ពាស​ពេញ​ផ្ទៃ​ប្រទេសវាជាមរតកដ៏មានតំលៃពុំអាចកាត់ថ្លៃបាន នៃជនជាតិខ្មែរ និង មនុស្សជាតិទាំងសកល។ ក្នុង​ន័យ​ខាង​លើនេះមានទស្សនៈមួយលើកឡើងថា “សម្បតិ្តវប្បធម៌ខ្មែរ​ ពុំ​គ្រាន់​តែជា​បេតិកភណ្ឌ​របស់​ខ្មែរ​ប៉ុណ្ណោះ​ទេ​តែ​ក៏ជាបេតិកភណ្ឌ របស់ពិភព​លោកទាំងមូលទៀតផង”។ តើទស្សនៈ​ខាង​លើ​នេះ​មាន​​អត្ថ​ន័យ​ដូចម្តេច?


ដើម្បីធ្វើការបកស្រាយនួវទស្សនៈរបស់ប្រធានខាងលើ យើងគប្បីយល់ន័យរបស់ពាក្យ សម្បតិ្ត​វប្បធម៌​ខ្មែរ​ និង​បេតិកភណ្ឌ ជាមុនសិន។ សម្បត្តិវប្បធម៌ខ្មែរគឺ សំដៅទៅលើ សម្បតិ្ត ដែល​កើត​ឡើង​ដោយ​បុព្វ​បុរសខ្មែរ។ ឯបេតិកភណ្ឌគឺ ជាសម្បតិ្តបន្សល់ពីដូនតា មាន​តំលៃ​វិសេស​វិសាល​តំណាង​អោយ​ប្រទេស​ជាតិ​​នីមួយៗ។ តាមន័យខាងលើទស្សនៈ របស់ប្រធានចង់បញ្ជាក់ពីសម្បតិ្តដ៏ប្រសើរនានា ដែល​ជា​​ស្នាដៃ​ដ៏​ពិសិដ្ឋដែលដូនតាខ្មែរ បានបន្សល់ទុកមកបានបង្កើតផ្តល់គុណតំលៃដល់ខ្មែរដែលជាម្ចាស់​ស្រុក​​ផង​​ហើយក៏ជាសម្បត្តិនៃមនុស្សជាតិទូទាំងពិភពលាកផងដែរ។

ជាការពិតណាស់ថា សម្បតិ្តវប្បធម៌ខ្មែរជាបេតិកភណ្ឌនៃជាតិខ្មែរពិតប្រាកដ ព្រោះថា ខ្មែរ​ជា​ប្រទេស​មានសម្បតិ្តវប្បធម៌ដ៏ច្រើនស្អេកស្កះជាស្នាដៃដ៏ពិសិដ្ឋ នៃបុព្វ បុរស​របស់​ខ្លួន​មាន​ប្រាង្គ​ប្រាសាទ​រាប់​ពាន់​ប្រកប​ដោយក្បូរក្បាច់រចនាដ៏វិចិត្រមានសិល្បៈ តន្ត្រីច្រើនប្រភេទដូចជា ពិណពាទ្យ ភ្លេងការ ភ្លេង​ខ្លងខែក ឆៃយ៉ាំ សិល្បៈសៀក របាំល្ខោន។ល។ ក្នុង​នោះ​ដែរ​ខ្មែរ​មាន​សំណង់​បូជនីយដ្ឋាន​ជា​ច្រើន​កន្លែងស្រប ទៅតាម ក្បូនខ្នាតត្រឹមត្រូវនិងបម្រើដល់ប្រពៃណីទំនៀមទំលាប់ការរស់នៅរបស់ខ្លួន។ សម្បត្តិ​ទាំង អស់នោះស្ថិតលើទឹកដីខ្មែរពេញច្បាប់ ខ្មែរជាអ្នកកាន់កាប់គ្រប់គ្រងថែរក្សាក្នុង ខេត្ត ស្រុក ភូមិ​ខ្មែរ ហើយខ្មែរចេះចាំសំដែងផ្សព្វផ្សាយ និង មានស្ថិរភាពនៅលើទឹកដីខ្មែរតាំង ពីបុរាណកាលមក។ ​ខ្មែរ​ជាអ្នកកសាងបង្កើតដោយគំនិតច្នៃប្រឌិត តស៊ូព្យាយាមស្រាវ ជ្រាវ ចំណាយធនធាន កំលាំង​កាយ​ចិត្ត ប្រាជ្ញាស្មារតី ទម្រាំតែកើតរូបរាងល្អប្រណីត ពិរោះ រណ្តំ មានទឹកដម ស្របទៅតាមជំនឿ និង ចំណង់​​ចំណូលចិត្តខ្មែរដែលពេញ និយម។ 

សម្បត្តិវប្បធម៌ខ្មែរតែវាជាបេតិកភណ្ឌពិភពលោកគឺ អាស្រ័យដោយសម្បត្តិ ទាំង អស់​នេះ​អាច​អោយ​បរទេស​​មកទស្សនា ស្តាប់កំសាន្ត តាមចិត្តប្រាថ្នា ដោយ ចំណាយ ធន​ធាន​ស្រប​ទៅ​តាម​ទី​កន្លែង​ដែល​ខ្លួន​ចង់​ឃើញ​ចង់​ឮ​។ ម៉្យាង​វិញទៀតសកលលោក អាចយកស្នាដៃទាំងនេះ មកសិក្សាស្រាវជ្រាវ រៀន​សូត្រ​បន្ត ដោយសេរី ដើម្បីបង្កើន សមត្ថភាពផ្សេងៗ ពីជាតិសាសន៍ខ្មែរ ដែល​ជា​កោ​សិកា​មួយ​នៃ​ពិភព​លោក រួចបន្តផ្សព្វផ្សាយអោយជាតិសាសន៍ដទៃបានស្គាល់ខ្មែរកាន់តែច្បាស់ឡើង។ សម្បត្តិ​បេតិកភណ្ឌ ខ្មែរ បាន​លើកតំលៃមនុស្សខ្មែរ និងរួមចំនែក លើកតម្លៃមនុស្សជាតិទាំងមូលស្ថាបនា ប្រវតិ្ត​សាស្ត្រ​មនុស្ស​ជាតិ​កាន់តែខ្ពង់ខ្ពស់សក្តិសម ជាមនុស្សប្រកបដោយបញ្ញាញាណ គំនិតស្មារតី និង ច្នៃប្រឌិត។ លើស​ពី​នេះ​ទៀត​ដោយសារតែសម្បត្តិបេតិកភណ្ឌខ្មែរនេះ​ ទើប​ធ្វើអោយគេស្គាល់ពី​សង្គម​សាស្ត្រ​វប្បធម៌​​ខ្មែរ​ការ​វិវត្តន៍​នៃ​សង្គម​ខ្មែរស្គាល់ពូជពង្ស កំណើតភាសាអក្សរ និង ទេពកោសល្យ​ខ្មែរ​ជា​សក្ខីភាព​ នៃ​សម្បត្តិ​វប្បធម៌​ខ្មែរ​​នេះ​ហើយ ទើបអង្គការបេតិកភណ្ឌពិភពលាកយូណេស្កូ​បានដាក់​បញ្ចូល​ប្រាសាទ​អង្គរវត្ត​​របស់​​ខ្មែរជា សម្បត្តិពិភពលាកនៅថ្ងៃទី ១៤ ធ្នូ ១៩៩២ របាំព្រះរាជទ្រព្យនៅ ថ្ងៃទី០៧​ វិច្ឆិកា ២០០៣ ល្ខោន​ស្បែក​ធំ​នៅ ថ្ងៃទី២២​វិច្ឆិកា ២០០៥ និងចុងក្រោយគឺ ប្រសាទព្រះវិហារ នៅថ្ងៃទី ៧ កក្កដា ២០០៨ កន្លងទៅនេះ។ ដោយសារច្បាស់ពីតួនាទីសម្បត្តិវប្បធម៌ជាផ្នែកមួយ នៃ​បេ​តិក​ភណ្ឌ​ពិភព​លោក​បាន​ជា​តាំង​ពី​ដើម​រៀង​មក បច្ចុប្បន្នអង្គការយូណេស្កូបានចាត់​ វិធាន​ការ​អំពាវ​នាវ​ដល់​ប្រទេស​នានា​លើ​សកល​លោក​អោយ​ជួយ​​សង្រ្គោះ​ប្រាសាទបុរាណខ្មែរ ទាំងអស់នៅតំបន់អង្គរ និង ពិសេស​ប្រាសាទ​អង្គរវត្ត​ដែល​ទទួល​​រង​គ្រោះ​ពី​គ្រោះ ធម្មជាតិ និង កត្តាផ្សេងៗទៀត។

សរុបសេចក្តីមកសម្បត្តិវប្បធម៌ខ្មែរជាបេតិកភណ្ឌខ្មែរផង​និង ជាបេតិកភណ្ឌពិភពលោកផង។ ខ្មែរជា​អ្នក​ដែល​បានកសាងពិតប្រាកដមែន តែខ្មែរជាផ្នែកមួយនៃពិភពលោក ដូច​នេះ​បេតិកភណ្ឌ​ខ្មែរ​ក៏​ចាត់​ទុកជាបេតិកភណ្ឌពិភពលាកដែរ។

ឆ្លងតាមការបកស្រាយខាងលើ យើងអាចវាយតម្លៃបានថា សម្បត្តិវប្បធម៌ខ្មែរ ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​ខ្ពស់បំផុត ដែលបានលើកស្ទួយជាតិខ្មែរអោយមានកេរ្តិ៍ឈ្មោះល្បីល្បាញ លើឆាកអន្តរជាតិ។​ ដូច​នេះ​យើង​កូនចៅខ្មែរជំនាន់ក្រោយ ត្រូវបន្តសហការការពារ សម្បត្តិ​ដ៏​មាន​តម្លៃ​ទាំង​នេះ​អោយស្ថិត​គង់​វង្ស​ជា​អមតៈ​សំរាប់មនុស្សជាតិទាំងអស់គ្នា។ 


No comments :

Post a Comment