Wednesday, December 28, 2016

ប្រធាន: អ្នកខ្លះថា "ស្រ្តី សូម្បីតែ បង្វិល កន្ទុយចង្រ្កាន ក៏មិនបានជុំផង" ឯអ្នកខ្លះទៀតថា "ស្រ្តីគឺជា នារីរតនៈ " ។ តើអ្នកយល់ឃើញយ៉ាងណាចំពោះការយល់ឃើញទាំង 2 ខាងលើនេះ។ ចូរពិភាក្សា។

 



នៅបុរាណសម័យបុព្វបុរសខ្មែរនិយមប្រកាន់យករបបគ្រប់គ្រងសង្គម តាមបែប មាតា បិតា ធិបតេយ្យ​ ដោយ​និយមលើកតំកើង​តំកលតំលៃស្រ្តីជាធំ។ ប៉ុន្តែលុះចំណេរកាល ក្រោយ​មក​គេ​ត្រលប់​បែរ​ប្រែ​ជា​ប្រទះ​ឃើញ​មានការមើលស្រាលដោយបន្តុះបង្អាប់បន្ថោកតំលៃរបស់ស្រ្តីទៅវិញ។ វិភាគ​ទាក់​ទង​ទៅ​នឹង​គុណ​តំលៃ​នៃ​ស្រ្តីភេទខាងលើ ធ្វើអោយមាន ទស្សនៈពីរយល់ឃើញបដិបក្ខនឹងគ្នាដោយអ្នកខ្លះថា “ស្រ្តី​សូម្បី​តែ​បង្វិល​កន្ទុយចង្រ្កានក៏ មិនបានជុំផង” តែអ្នកខ្លះទៀតថា “ស្រ្តីគឺជានារីរតនៈ” ។ តើមតិទាំងពីរ​ខាង​លើ នេះ​មតិ​មួយ​ណាសមហេតុសមផលជាង?


ពាក្យបង្វិលកន្ទុយចង្រ្កានសំដៅលើការងារ ដែលស្រ្តីត្រូវធ្វើនៅជុំវិញចង្រ្កាន ផ្ទះបាយ ដែល​ជា​ការ​ងារ​ប្រចាំថ្ងៃរបស់ស្រ្តីមេផ្ទះ។ ចំពោះពាក្យថានារីរតនៈនោះគឺ ស្រ្តីក៏មានតំលៃប្រសើរដូចត្បូង​ ឬ​ កែវ។ មតិ​ដែល​កំណត់ដោយប្រធានបទខាងលើ មានអត្ថន័យពីរផ្ទុយគ្នាដែលអត្ថន័យទីមួយ មាន​លក្ខណៈ​ជា​ការ​រិៈគន់ថាមនុស្សស្រីសូម្បី តែធ្វើការស្រាលៗ​ នៅតាមចង្រ្កានផ្ទះបាយក៏ធ្វើមិនបាន គ្រប់​ជ្រុង​ជ្រោយ​ផង។ តែ​អត្ថន័យទីពីរមានលក្ខណៈជាការលើកសរសើរថាស្រ្តីមានតម្លៃពិសេសដូចកែវ ឬ ត្បូង​ចរ​ណៃ។


វិភាគអំពីលទ្ធភាពការងាររបស់ស្រ្តីមេផ្ទះ បានធ្វើអោយមជ្ឈដ្ឋានរបស់អ្នកវិភាគមួយ ចំនួន​ធ្វើ​ការ​កំណត់​សំគាល់​​ក្នុងន័យបរិហារិះគន់ថាស្រ្តីដែលជាអ្នកបំពេញការងារគេហកិច្ច ដែលការងារស្រាលៗ ក៏​ស្រ្តី​មិន​បានបំពេញគ្រប់ជ្រុងជ្រោយនោះទេ។ ក្នុងភាពជាអ្នក មាន​កំលាំង​ខ្សោយ​ស្រ្តី​ធ្វើ​តែ​ការ​ងារ​ស្រាល​ៗ ដូច​ជា​ការ​ងារដេរប៉ាក់ ចាក់ដេរ ដាំស្ល បបរ បោសសំអាត ​លាងចាន រៀបចំតុបតែងលម្អផ្ទះសំ​បែង មើល​ថែ​កូន​ចៅ ដោយការងូតទឹក មើលទុកដាក់ទ្រព្យសម្បតិ្ត ដល់បុរសជាប្តីរកបានពីខាងក្រៅមក​។ ​ខណៈ​ដែល​ជួបនឹង ការងារធ្ងន់ធ្ងរលើកដាក់លីសែងច្បាស់ជាត្រូវការពឹងពាក់រកកំលាំងបុរសៗ អោយ​ជួយ​ដាក់ ជាក់ជាមិនខានឡើយ។ បើនិយាយពីការយល់ដឹងវិញស្រ្តីខ្មែរនៅសម័យបុរាណ ពិសេស គឺ នៅ​ក្នុង​សម័យអាណានិគមមិនបានរៀនសូត្រអក្សរសាស្ត្រ ឬ លេខនព្វន្ត ដូចកូនប្រុសទេ ព្រោះ​ដោយ​សារ​តែ​គ្មាន​​សាលារៀន។ សម័យនោះសាលារៀន មានតែ នៅ​ក្នុង​វត្ត​អារាម​មាន​ព្រះសង្ឃ​ជា​គ្រូ​បា​អា​ចារ្យ​ជា​អ្នក​បង្ហាត់​បង្ហាញ​ដល់កូនចៅអ្នកស្រុក។​ មាតា​បិតា​ខ្មែរ​មាន​កូន​ស្រី​មិន​ហ៊ាន​បញ្ជូន​កូន​ទៅ​រៀន​នៅ​សា​លា​វត្ត​ទេ។ ដោយហេតុនេះ បានជានៅសម័យអាណានិគមនិយមបារាំង គេ​កម្រ​នឹង​បាន​ឃើញ​ស្រ្តី​មាន​ឋានៈ​ខ្ពស់ យស​ធំ​មានការងារជាមន្ត្រី មាត្រា។

ដូចនេះសរុបសេចក្តីមក​ ឃើញថាស្រ្តីមានលទ្ធភាពខ្សោយមានកំលាំងខ្សោយ ដែល​សូម្បី​តែ​បំពេញ​ការងា​រគេហកិច្ច នៅជុំវិញតែចង្រ្កានផ្ទះបាយ​ក៏ស្រ្តីធ្វើមិនបានសព្វ​ជ្រុងជ្រោយផងទេ។

តើតាមពិតទៅស្រ្តីបង្វិលចង្រ្កានមិនជុំមែនឬ?  

បើទោះជាមជ្ឈដ្ឋានទីមួយខាងលើ បានធ្វើការបរិហារិះគន់យ៉ាងធ្ងន់ពាក់ពន្ធ័ ដល់​លទ្ធ​ភាព​របស់​ស្រ្តី​យ៉ាង​ណា​ក៏ដោយ ក៏គេនៅប្រទះឃើញមានមជ្ឃដ្ឋានមួយទៀត បាន​យល់​ឃើញ​ក្នុង​ន័យ​ផ្ទុយ​ស្រ​លះ​ថា​តាម​ពិត​ស្រ្តីជានារីរតនៈត្រូវបានគេប្រដូចទៅនឹង ត្បូង ឬ កែវដ៏ពិសិដ្ឋ។ ទស្សនៈ​ក្រោយ​នេះ​បាន​សំអាង​ដោយ​ផ្អែកតាមគំហើញប្រវតិ្ត សាស្រ្តតាំងពីសម័យករកើតទឹកដីរហូតដល់សម័យនេះ។​ នៅ​សម័យ​នគរ​ភ្នំ ឬសម័យ ហ្វូណនគេឃើញមានស្រ្តីជាមគ្គុទេសក៍នោះគឺ នាងលីវយី ឬ នាងសោមា​ ឬ នាង​នាគ​។ វត្តមាននៃការគ្រប់គ្រងរបស់នាងលីវយីធ្វើឡើងមុនពេលព្រាហ្មណ៍ជាឥណ្ឌាឈ្មោះកោណ្ឌញ្ញៈ​ ឬ កោ​ណ្ឌន្យ មកដល់នគរភ្នំមកម្ល៉េះ។ នៅសម័យមហានគរប្រវត្តិសាស្ត្រ នៅ​បាន​បន្ត​ប្រាប់​អោយ​ដឹង​ថា​មាន​ស្រ្តី​ជា​អ្នកប្រាជ្ញរាជបណ្ឌិតគឺ ព្រះនាងឥន្រ្ទទេវី ដែលត្រូវជា មហេសីទី២​របស់​ព្រះបាទ​ជ័យវរ្មន័ទី៧​នៅ​ជំនាន់​នោះ​។ មហានគរបានសំបូរសប្បាយ រុងរឿង ប្រជារាស្រ្តរស់នៅដោយសេចក្តីសុខក្សេមក្សាន្ត ក៏​ដោយ​សារ​បានមហេសី អ្នកប្រាជ្ញជួយជាទីប្រឹក្សាជួយសម្រចកិច្ចការរបស់ប្រទេសរបស់នគរ។ មកដល់​សម័យ ក្រោយ​អង្គរគេនៅប្រទះឃើញវីរភាពរបស់ស្រ្តីខ្មែរ នៅសម័យដែលស្រ្តីខ្មែរកាត់សក់ផ្កាថ្កួវ គេឃើញ​ថា​ស្រ្តី​ខ្មែរ​​សម័យនោះនិយមទុកសក់វែងព្រោះគេចូលចិត្តបួងសក់។​ ប៉ុន្តែខណៈ ដែល​ឃើញ​កង​ទ័ព​ជាតិ​ត្រូវ​ឡោម​ពទ្ធ័​អស់ជាច្រើនថ្ងៃទើបស្រ្តីជាម្តាយជាភរិយាជាបងស្រី និង​ជា​ប្អូន​ស្រី​នៅ​សមរភូមិ​ក្រោយ​ត្រូវ​បង្ខំ​ចិត្ត​កាត់​សក់ខ្លីដែលគេហៅថាសក់ផ្កាថ្កូវរួចក្លែង ឯក​សណ្ឋាន​ជា​បុរស​ចូល​ទៅ​វាយ​រំដោះ​ដណ្តើម​ជោគ​ជ័យ​លើ​សត្រូរហូតដល់ សង្រ្គោះ រំដោះបាន។ នៅ​សម័យ​តស៊ូ​ទា​ម​ទារ​ឯករាជ្យ​ពី​អា​ណា​និគម​និយម​បារាំង​ប្រវត្តិ​សាស្រ្ត បានបង្ហាញអោយឃើញពីចលនាកងនារីក្លាហាន បាន​សហ​ការ​គ្នា​ជា​មួយ​នឹង​កង​ជីវ​ពល​ក្នុង ការដេញកំចាយ វាយកំចាត់ កាច់បំបាក់ ចាក់បំបែក ពួកអាណានិគម រហូតទាមទារ ដណ្តើម​ឯក​រាជ្យ​ពេញ​លេញជូនជាតិមាតុភូមិនា​ថ្ងៃទី៩​ វិច្ឆិកា​ ឆ្នាំ១៩៥៣។ ជាមួយនឹង រឿង​រ៉ាវ​ដែល​កត់​ត្រា​ចារឹក​ដោយ​ប្រវតិ្ត​សាស្រ្តខាងលើ​ បើគេមើលមកក្នុងចលនាអក្សរ សិល្ប៍​ខ្មែរ​វិញ​គេ​ឃើញ​មាន​រឿង​រ៉ាវ​ខ្មែរ​មួយ​ចំនួន​ដែល​កវីអ្នកនិពន្ធខ្មែរ បានសរសេរលើក សរសើរ​ឧត្តមភាព​របស់​ស្រ្តី​ក្នុ​ង​នោះ​មាន​រឿងព្រេងប្រជា​ប្រិយ​ខ្មែរមួយ នៅខេត្តកំពង់ចាម នោះគឺរឿងភ្នំប្រុសភ្នំស្រី​ដែលបានបង្ហាញ​ថា​ស្រ្តីខ្មែរជំនាន់នោះ មាន​សមត្ថភាព​សំរាប់ធ្វើ បដិវត្តប្រពៃណីពីទំនៀមទំលាប់ស្រីៗ ចូលដណ្តឹង​ប្រុស​មកជាទន្លាប់​អោយប្រុសៗ ចូលដណ្តឹងស្រីនិងរៀបការនៅផ្ទះខាងស្រីរហូតដល់សព្វថ្ងៃនេះ។ ប៉ុន្តែ​បើ​គេ​សិក្សា​ក្នុងរឿងបុរាណ​ខ្មែរ​មួយ​គឺ​រឿង​មាយើងនោះគេនឹងឃើញអំពីតូនាទី​របស់​ស្រ្តី​ដែល​មិន​ត្រឹមតែ​មេ​ផ្ទះ ប៉ុណ្ណោះទេតែជាអ្នក​បាន​ផ្តល់​ការ​ណែ​នំា​បុរសជាប្តីអោយដើរតាមផ្លូវត្រូវ ផ្លូវល្អ ដូចប្រពន្ធ​ទី២ របស់​ចៅ​មាណព​ដែល​ជា​អតីត​ភរិយា​របស់​នាយ​ភេត្រា បានផ្តួចផ្តើមផ្តល់យោបល់អោយប្តី ហាត់​រត់​រហូត​ពូកែ​អាច​តាម​ល្បឿន​ជើង​សេះ​របស់​ស្តេច​ព្រហ្ម​ទត្ថ។ ​ដោយ​សារការហាត់ រត់តាមគំនិតផ្តើម​របស់​ភរិយា​ទើបមាណពទទួលបានជាឈ្មោះមាយើង ហើយ​ក្រោយ​មក ក៏ក្លាយជាសេនា​ដ៏ជំនិត​ក្លាយ​ទៅ​ជា​រាជ​អង្គរក្សរបស់ព្រះបាទព្រហ្មទត្ថ។ នៅសម័យ អា​ណា​និគមបារាំងជាមួយនឹងរឿងភូមិតិរិច្ឆាន លោក​ឌឺក​គាម​ និង​ឌឿកអំ បាននិយាយ ដល់​វីរៈ​ភាព​របស់​ស្រ្តី​ខ្មែរ​នៅ​ក្រាំងលាវ ស្រុករលាប្អៀខេត្តកំពង់ឆ្នាំង ឈ្មោះនាងនី​និងនាងប៊ី និងនាងតន់​ ដែល​ស្រ្តី​ទាំង​នេះ​បាន​បង្ក​បរិយាកាសជ្រួលច្របល់ផ្តល់ឱកាស អោយ​​ក្រុមអ្មកក្លាហាននៅ​ក្រាំងលាវសម្រចបាន​គំរោង​កា​រ​តស៊ូ​របស់​​ខ្លួន ដោយបានកំចាត់ បារាំង​បាដេស​ក្នុងព្រឹត្តិកា១៨​ មេសា១៩២៥។ ចំណែកលោក ទី ជីហួត បាន​បង្ហាញ តាមរយៈរឿង​តេជោ​យ៉តអោយឃើញពីសមត្ថភាព និង សេចក្តីក្លាហានរបស់​ជំទាវ​ស្រែន ដែល​ជួយ​យិត​យោង​កិតិ្តយស​របស់តេជោមាសជាប្តី ក្នុងការបង្រ្កាបស្តេចសំរ៉ែ និង បក្សពួក។

ដូចនេះជាសរុបឃើញថា​​ ស្រ្តីពិតជាមិនអន់ដល់ទៅបង្វិលមិនជុំកន្ទុយ ចង្រ្កាន នោះឡើយ។

ចំពោះទស្សនៈរបស់ប្រធានដែលថា “ស្រ្តីសូម្បីតែបង្វិលកន្ទុយ ចង្រ្កាន ក៏មិនជុំផង” គឺជា​ទស្សនៈ​មើល​​ស្រាលដោយចេតនាប៉ះពាល់ដល់កេរ្តិ៍ ឈ្មោះកិតិ្តយស របស់​ស្រ្តី​ជា​ទូទៅ​ដែល​គេ​មិន​អាច​ទទួល​យក​បាន​ឡើយ តាមពិតស្រ្តីជាស្រទាប់ខ្លាំង​ដែលទោះនៅសម័យកាលណាក៏ដោយ ក៏​មិន​អាច​ត្រូវ​គេ​បដិសេធកម្លំាងស្រ្តីចេញពី​វឌ្ឍ​នភាពសង្គមបានឡើយ។

យោងតាមខ្លឹមសារដូចដែលបានពិភាក្សារួចមកនេះ អាចអោយយើងនៅតែចាត់ទុក ការ​អះ​អាង​តាម​បែប​មតិ​ទីមួយគឺ គេយល់ឃើញតាមលក្ខណៈខុសឆ្គង​ភាន់ច្រឡំធ្ងន់ ណាស់។​​​ តែ​តាម​ការ​សំអាង​តាម​បែប​មតិ​ទីពីរ​ទើបជាការយល់ឃើញត្រឹមត្រូវសមស្រប។ មក​ដល់សម័យ​សកល​ភាវូបនីកម្ម​ដូច​សព្វ​ថ្ងៃ​គេ​គួរ​តែ​ទទួល​ស្គាល់សមភាពរវាងបុរស និង ស្រ្តីអោយមានសិទ្ធស្មើគ្នាពេញលេញ ទើប​ជា​កម្លាំង​ចលករ​ក្នុង​ចលនា​កសាងជាតិមាតុភូមិ របស់យើងឲឈានឡើងជាវឌ្ឃនសង្គមមួយ។ យោង​តាម​ខ្លឹមសារ​ដូច​ដែល​បានពិភាក្សារួចមកនេះ អាចឲយើងនៅតែចាត់ទុក ការ​អះ​អាង​តាម​បែប​មតិ​ទីមួយគឺ គេយល់​ឃើញ​​តាម​លក្ខណៈខុសឆ្គង​ភាន់ច្រឡំធ្ងន់ ណាស់។​​​ តែ​តាម​ការ​សំអាង​តាម​បែប​មតិ​ទីពីរ​ទើបជាការ​យល់​​ឃើញ​ត្រឹមត្រូវសមស្រប។ មក​ដល់សម័យ​សកល​ភាវូបនីកម្ម​ដូច​សព្វ​ថ្ងៃ​គេ​គួរ​តែ​ទទួល​ស្គាល់​សមភាព​​រវាង​បុរស និង ស្រ្តីអោយមានសិទ្ធស្មើគ្នាពេញលេញ ទើប​ជា​កម្លាំង​ចលករ​ក្នុង​ចលនា​កសាង​ជាតិ​​មាតុភូមិ របស់យើងអោយឈានឡើងជាវឌ្ឃនសង្គមមួយ។ 


  

1 comment :