Thursday, December 29, 2016

ប្រធាន៖ “ ភក្តី​ភាព​ គឺ​ជា គុណ​ធម៌​ ដ៏​ប្រពៃ​ដែល​អាច​ញុំាង​គ្រួសារ និង ជាតិ ឲ្យ មាន​ការ​អភិវឌ្ឍន៍​បាន”។ ចូរ​ពន្យល់​ដោយ​លើក​ឧទាហរណ៍ បញ្ជាក់ ក្នុង​សង្គម​ ក្នុង​ប្រវត្តិ​សាស្ត្រ​និង​ក្នុង​អក្សរ​សិល្ប៍​ដែល​បាន​សិក្សា​រួច​មក​បញ្ជាក់។





ក្នុងការរស់នៅរបស់មនុស្សទោះក្នុងគ្រួសារក្តី ក្នុងសង្គមក្តី ទាមទារឲ្យសមាជិកម្នាក់ៗ នៃគ្រួសារ ឬ​សង្គម​នោះ មាន​ភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក មិនមានចិត្តងាករេ ផិតក្បត់ កេងប្រវញ្ច័ពីគ្នា ដើម្បី​​ប្រ​យោជន៍​​ផ្ទាល់​ខ្លួន ទើប​គ្រួសារនោះ ឬសង្គមនោះ អាចមានសុភមង្គល និង អភិវិឌ្ឍជឿនលឿន​បាន។ អាស្រ័យ​ហេតុនេះ ទើបមាន ទស្សនៈមួយពោលថា​ “ភក្តីភាពគឺជា គុណ​ធម៌​ដ៏​ប្រពៃ​ដែល​អាច​ញុំាង​គ្រួសារ និងជាតិ ឲ្យមានការអភិវឌ្ឍបាន”។ តើមាន​អំណះអំណាងណាខ្លះទើបគេហ៊ានពោល​ដូច​នេះ?





មុននឹងបកស្រាយអធិប្បាយបំភ្លឺនូវប្រធានខាងលើឲ្យបានក្បោះក្បាយ យើងគប្បី យល់​នូវ​ពាក្យ​មួយ​ចំនួន​សិន​។ “ភក្តី” គឺជាសេចក្តីស្មោះត្រង់។ចំណែក “គុណធម៌” មានន័យថា ជាសេចក្តីល្អ ឬ​សេចក្តី​ចម្រើន​។ ឯ“ការអភិវឌ្ឃ” វិញមានន័យថាការរីកចម្រើន​ ឬធ្វើឲ្យប្រសើរឡើង។

ប្រធានខាងលើនេះចង់និយាយថា គ្រួសារនិងសង្គមជាតិ មានការអភិវឌ្ឍបាន លុះ​ណា​តែ​សមា​ជិក​នៃ​គ្រួសារឬសង្គមនោះមានចិត្តស្មោះត្រង់ និង ចេះធ្វើអំពើល្អចំពោះគ្នា ទៅវិញទៅមក។ “ចំពោះ​គ្រួសារ” ស្វាមី​និង​ភរិយា ត្រូវ​តែភក្តីភាពរវាងគ្នា​និង​គ្នា។ បើប្តីប្រពន្ធមានស្វាមីភក្តិនឹងគ្នា ហើយ​ភាព​កក់​ក្តៅ​​នឹង​​កើត​មាន​ឡើង ដល់បុត្រធីតា ទាំងឡាយជាពុំខាន។​ ម៉្យាង​វិញ​ទៀត​ភក្តី​ភាព​នេះ​នឹង​នាំ​ឲ្យ​មាន​សុភ​មង្គល​​គ្រួសារ​ស្ថិត​ស្ថេររហូតជាដរាប។ សុខភាពផ្លូវកាយ និងផ្លូវចិត្ត ក៏កើតឡើងព្រោះមិនព្រួយបារម្ភ ពី​ការ​ផិត​ក្បត់​គ្នា។ ចំពោះគូរស្វាមីណាដែលចេះស្មោះត្រង់នឹងគ្នាគឺជា គំរូដ៏ល្អសំរាប់ គូរស្វាមីដទៃទៀត និង ជា​គុណ​ធម៌​មួយដែលគួរឲ្យគោរព និង យកតម្រាប់តាម។​ ឧទាហរណ៍​នៅ​ក្នុង​រឿង​អក្សរ​សិល្ប៍​ខ្មែរ​ក្នុង​រឿង​មហា​វេស្សន្តរគឺ នាងមេទ្រីមានភក្តីភាព ចំពោះព្រះវេស្សន្តរណាស់ ដោយ​បាន​ជួយ​បំពេញ​នូវ​បារ​​មី​ដ​ល់​ព្រះ​វេស្សន្តរ ដែលជា ស្វាមីខ្លួន។ រីឯរឿងទុំទាវវិញ​ទុំ និងទាវ មានភក្តីភាពចំពោះគ្នា ទោះ​ជា​ត្រូវ​ម្តាយ​ពង្រាត់ បង្ខំឲ្យនាងទាវរៀបការជាមួយម៉ឺនងួនក៏ដោយ។ ពេល​គេ​យក​ទុំ​ទៅ​សម្លាប់​នាង​ទាវ​សុខចិត្ត សម្លាប់ខ្លួនតាមទុំដើម្បីបង្ហាញភាពស្មោះត្រង់ដែលខ្លួនមានចំពោះគូរស្នេហ៍។ ហើយ​ភក្តី ភាព​នេះ​ត្រូវ​បាន​អ្នកអានស្ងើចសរសើរគ្រប់គ្នានូវការលះបង់ខ្ពស់នៃសេចក្តីស្នេហាចំពោះ អ្នកទាំងពីរ។​ ចំណែក​ចៅចិត្រ និងឃុននារី ក្នុងរឿងកុលាបប៉ៃលិនវិញ អ្នកទាំងពីរមានចិត្ត ស្មោះ​ស្ម័គ្រ​ប្តូរ​ផ្តាច់​សុខ​ចិត្ត​ស្លាប់ជាមួយគ្នា ដូចជានៅពេលមានចោរប្លន់នៅកណ្តាលព្រៃ ចៅចិត្រហ៊ានប្តូរជីវិត​តតាំងជាមួយ​ពួក​ចោរ ដើម្បី​ការពារ​ចៅហ្វាយ និងឃុននារី ជាទី ស្រលាញ់របស់ខ្លួន។ ទី​បំផុត​ចៅចិត្រ​ត្រូវ​បាន​ចៅ​ហ្វាយ​នាយ​ស្រលាញ់ និង លើកតម្គើង ចៅចិត្រឲ្យមើលការទទួលខុសត្រូវបញ្ជីត្បូង និងបានក្លាយ​ជា​កូន​ប្រសាររបស់ លោកហ្លួង រតនសម្បត្តិទៀតផង។ បើយើងក្រលេកទៅមើល​ប្រវត្តិសាស្ត្រ​វិញ​ព្រះនាង​ឥន្ទ្រទេវី ជា​ក្សត្រីយ៍​មួយ​អង្គ​ដែលមានទឹកចិត្តស្មោះត្រង់ចំពោះបងប្អូនណាស់ ជាក់ស្តែងពេលនាង ជ័យ​រាជ​ទេវី​មាន​ទុក្ខ​ក្រៀម​ក្រំ ដោយ​ព្រះបាទជ័យវរ្ម័នទី៧នៅឯសមរភូមិព្រះនាងឥន្ទ្រៈ ទេវី ចេះណែនាំកន្និដ្ឋា​ឲ្យ​រំងាប់​ចិត្ត​សាង​ផ្នួស​បួស​ជា​ដូនជី រហូតដល់ព្រះបាទជ័យវរ្ម័នយាង ត្រលប់មកវិញ។ លុះ​ក្រោយ​ពី​នាង​ជ័យ​រាជ​ទេវី​សុគត់​ទៅ ព្រះ​នាងឥន្ទ្រទេវី ក៏ក្លាយ ជាអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាង​ខិត​ខំ​ជួយ​ជ្រោម​ជ្រែង​ព្រះ​ស្វាមី​ឲ្យក្លាយ ជាក្សត្រល្បីល្បាញរីឯព្រះនាងក៏ក្លាយជានារីដ៏ឆ្នើម និង ជា​ទី​គោរ​ព​របស់​ប្រជា​រាស្រ្ត​។​ ហើយ​ភក្តី​ភាពនេះត្រូវបានគេលើកសរសើររហូតមកដល់សព្វថ្ងៃនេះ។

មិនតែប៉ុណ្ណោះបើយើងនិយាយពីក្នុងសង្គមគ្រួសារទូទៅ ភក្តីភាព ដើរតួនាទី សំខាន់ណាស់ ដើម្បី​ឲ្យ​មនុស្ស​រស់​នៅ​ចុះ​សំរុង​នឹង​គ្នា និងទុក្ខចិត្តគ្នា ហើយរស់នៅប្រកប ដោយសុភមង្គល និង គួរ​ជា​ទី​កោត​ស្ញប់​ស្ញែង​នៃមហាជន​និង នាំឲ្យគ្រូសារនោះ មានកិត្តិយសថ្លៃថ្លាមិនខាន។

ចំពោះជាតិភក្តីភាពនឹងនាំមកនូវភាពរីកចម្រើនលើគ្រប់វិស័យ។ អ្នកដឹកនាំ និង ពល​រដ្ឋ​មាន​សាមគ្គី​ភាព​ក្នុងកិច្ចកសាង ការពារនិងអភិវឌ្ឍប្រទេសបានយ៉ាងរុងរឿងរលូន ដោយ​គ្មាន​រង្គោះ​រង្គើ​សៅ​ហ្មង​ឡើយ។

ឧទាហរណ៍ដោយផ្អែកតាមប្រវត្តិសាស្ត្រខ្មែរយើងសង្កេតឃើញថា ​អ្នកតាឃ្លាំង មឿង ដោយ​សារ​ទឹក​ចិត្ត​ស្នេហាជាតិ ឥតងាករេ សុខចិត្តលោតក្នុងរណ្តៅភ្លើងសម្លាប់ខ្លួន ទៅ​កេណ្ឌ​ទ័ព​ខ្មោច​មក​បង្រ្កាប​ទ័ព​សៀម។ ដោយមើលឃើញសេនាមឿងស្មោះស្ម័គ្រគ្រប់ យ៉ាងៗ នេះ​កង​ទ័ព​ខ្មែរ​ក៏​មាន​ទឹក​ចិត្ត​ច្បាំង​ជា​មួយ​កង​ទ័ពសៀមរហូតបានទទួលជ័យ ជំនះ។ ចំណែកព្រះបាទជ័យវរ្ម័នទី៧ ទ្រង់​បាន​ខិត​ខំ​បំពេញ​អស់​ពី​កាយ​ពលប្រយុទ្ធ ឥតរាថយចំពោះខ្មាំងសត្រូវរហូតវាតទីបានទឹកដីយ៉ាងធំទូលាយ នេះគឺមកពីព្រះអង្គ មាន​ភក្តី​ភាព​ស្រលាញ់​ប្រជា​រាស្ត្ររបស់ព្រះអង្គ។ ទុក្ខសោកប្រជារាស្រ្តគឺ ទុក្ខសោករបស់ ព្រះអង្គ។ មិន​តែ​ប៉ុណ្ណោះ​ក្នុងអក្សរសិល្ប៍ខ្មែរអ្នកនិពន្ធក៏បានបង្ហាញភក្តីភាព របស់តួអង្គ ចំពោះជាតិមាតុភូមិដែរ។ ដូច​ជា​នៅក្នុង​រឿងតេជោយ៉ត ដោយមានការព្រួយបារម្ភអំពី ជោគវាសនាប្រទេស​តេ​ជោ​យ៉ត​សុខ​ចិត្ត​លះ​បង់​កិត្តិយស​ដោយ​ធ្វើល្បិច ជាលែងលះជា មួយ ជំទាវស្រែនរហូត​កំចាត់​ជនក្បត់ជូនជាតិមាតុភូមិ។

ផ្ទុយទៅវិញអ្នកដែលផិតក្បត់មិនស្មោះត្រង់នឹងគ្នាពិតជាពុំផ្តល់សេចក្តីសុខ និង មិន​មាន​ការ​រីក​ចម្រើន​ឡើយ។ ជាក់ស្កែងក្នុងរឿងកាកីរបស់ព្រះបាទអង្គឌួង នាងកាកី មាន​ចិត្ត​ផិត​ក្បត់​មិន​ស្មោះ​ត្រង់​នឹង​ស្វាមីមាន​​សហាយជាមួយប្រុសផ្សេង ទីបំផុតនាងកាកី ត្រូវ​រង​ទុក្ខ​វេទនា​ដោយ​ព្រះបាទ​ព្រហ្ម​ទត្ត​បណ្តែត​ពោង​ពាយ​ស្លាប់​ក្នុង​​មហាសាគរ។​

បើក្រលេកមើលតាមប្រវត្តិសាស្រ្តខ្មែរព្រះនាងបុប្ផារតី​​ បានជាទទួលយក ព្រះឧទ័យ ជា​ស្វាមី​រួច​ទៅ​ហើយ​បែរ​ជា​មាន​គំនិត​ផិត​ក្បត់​នឹង​ស្វាមី ហើយងាកមកទំនាក់ ទំនង​ស្នេហា​អាថ៌​កំបាំង​ជា​មួយ​អតីត​សង្សារ​គឺ ព្រះរាជសម្ភារឬ ពញាតូ។​​​​ ជាលទ្ធផលអ្នក ទាំងពីរត្រូវគ្រោះថ្នាក់ដល់ជីវិតដូចគ្នា។

ចំណែកក្នុងសង្គមវិញគ្រួសារខ្លះមាន ជម្លោះ លែងលះ កាប់សម្លាប់គ្នា រហូតបាត់បង់ជីវិត ឬពិការ ដោយ​សារ​តែ​ប្រពន្ធផិតប្តី​ ឬប្តីផិតប្រពន្ធ...។ នេះជាលទ្វផល នៃការមិនមានភាពស្មោះត្រង់នឹងគ្នា។

សរុបសេចក្តីមកទីណាមានភក្តីភាព ទីនោះពិតជាមានសុភមង្គល និងមានការរីក ចម្រើន​ទោះបី​នៅ​ក្នុង​សង្គមក្តី​គ្រូសារក្តី។ ផ្ទុយទៅវិញបើគ្មានភក្តីភាពទេ នាំឲ្យបែកបាក់គ្នា ដែល​ជា​បច្ច័យ​អាក្រក់​ធ្វើ​ឲ្យ​អន់​ថយ​គ្មានការរីកចម្រើន។


ដូចនេះមតិរបស់ប្រធានខាងលើពិតជាត្រឹមត្រូវ ប្រកបដោយការអប់រំល្អ ដែល យើង​ជា​បច្ឆ​ជន​ខ្មែរ គប្បី​​​ចិញ្ចឹម​​ចិត្ត​ធ្វើ​អំពើ​ល្អ តាំង​ចិត្ត​ស្មោះ​ត្រង់ ព្យាយាម​ស្មោះត្រង់ រវាង​គ្នា​មិន​ក្បត់​គ្នា និង​​មិន​​ក្បត់​​ឧត្ត​ម​គតិ​ជាតិ​​។ គួរ​ច​ង​ចាំ​ថា​“គ្រួសារ​រីក​ចម្រើន​សង្គម​ជាតិ ក៏​រីក​ចម្រើន​ដែរ​ព្រោះ​គ្រួសារ​ជា​កោ​សិកា​នៃ​សង្គម។ អ្នក​មាន​​ភក្តី​​ភាព​​ចំពោះ​​ចៅ​ហ្វាយ រមែង​បាន​ជួប​ភាព​ចម្រុង​ចម្រើន។​ 


No comments :

Post a Comment